ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអះអាងឲ្យដឹងថា ការសិក្សាកម្មវិធីកុំព្យូទ័រភាសាខ្មែរ គឺមនុស្សទូទៅអាចប្រើប្រាស់បានគ្រប់គ្នា គឺមិនចាញ់ប្រៀបគ្នានោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ បានមានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើ E-mail និង Internet ក្នុងកម្មវិធី Opensuse នៅក្នុងក្រសួងព័ត៌មាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ថា «ការសិក្សាកម្មវិធីកុំព្យូទ័រភាសាខ្មែរ គឺមានមនុស្សទូទៅអាចប្រើប្រាស់វាបានគ្រប់គ្នា»។ លោកបានបន្ថែមថា ការរៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរនេះ គឺពង្រីកបន្ថែមទៀតនូវចំណេះដឹងរបស់យើង។
ទាក់ទិនទៅនឹងការសិក្សានេះផងដែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបាន បញ្ជាក់ទៀតថា ជាមួយគ្នានេះយើងអាចធ្វើការស្រាវជ្រាវថែមទៀតនូវចំណេះដឹងដែល មាននៅក្នុង Internet ហើយជាមួយគ្នាប្រទេសកម្ពុជាមានការរីកចម្រើនបន្តិចម្ដងៗផ្នែក ព័ត៌មានវិទ្យានេះ។ លោកបានបន្តថា មិនមានតែក្រុមហ៊ុន Microsoft ប៉ុណ្ណោះដែលមានការគ្រប់គ្រងទីផ្សារព័ត៌មានវិទ្យានោះ យើងក៏អាចមានកម្មវិធីផ្សេងក្នុងការប្រើប្រាស់វាផងដែរ។ បើកាលណាយើងនៅតែប្រើប្រាស់ប្រព័ន្ធ Microsoft យើងអាចអស់លុយ និងត្រូវបង្ខំចិត្តក្នុងការរៀនភាសាអង់គ្លេសផងដែរ ដើម្បីអាចរៀនកុំព្យូទ័របាន។
លោក មាស គឹមសួន ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា «ដោយមានអនុសាសន៍ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតបើកវគ្គបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យាដល់មន្ត្រី ក្រសួងព័ត៌មាន»។ លោកបានបន្តថា វគ្គសិក្សានេះមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២១ ដល់២៣ខែមិថុនា ឆ្នាំ២០១០។
លោកបានបន្តថា វគ្គសិក្សានេះមានសិក្ខាកាមចំនួន២៩នាក់មកពី៥អគ្គនាយកដ្ឋាននៃ ក្រសួងព័ត៌មាន គឺមានអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ TVK អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានព័ត៌មានមានសោតទស្សន៍ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ លោកបានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងលើកកំពស់នូវសមត្ថភាពព័ត៌មានវិទ្យានៃ មន្ត្រីក្រសួងព័ត៌មានលើកម្មវិធីកុំព្យូទ័រភាសាខ្មែរដំបូងនៅ កម្ពុជា។
លោក មាស គឹមសួន បានបន្តថា សិក្ខាសាលានេះនឹងនាំមកនូវល្បឿនការងារប្រកបដោយប្រសិទ្ធភាព និងជួយសម្រួលដល់ភារកិច្ចនៃមន្ត្រីបុគ្គលិកនៃក្រសួងព័ត៌មានផង ដែរ»។
លោក សាចេ សូឡា ប្រធានវិទ្យាស្ថានបើកទូលាយ Opensuse បានមានប្រសាសន៍ថា «ការដែលរៀនកុំព្យូទ័រជាមួយភាសាជាតិរបស់ខ្លួនមកប្រើប្រាស់នោះមាន ភាពងាយស្រួលជាង»។ លោកបានបន្តថា បើយើងរៀងកុំព្យូទ័រជាមួយភាសាជាតិងាយស្រួលចងចាំ បើយើងរៀនកុំព្យូទ័រជាមួយភាសាដទៃធ្វើឲ្យពិបាកក្នុងការចាំពាក្យ របស់វា។ លោកថា នៅក្នុងប្រទេសប៉ែកអឺរ៉ុប គឺគេរៀនកុំព្យូទ័រជាមួយកម្មវិធីភាសាជាតិរបស់គេ៕
Source: http://women.open.org.kh/km/all-people-can-use-khmer-unicode

Sokhayouk on June 23, 2010 | Filed Under education | Comments Off
ភ្នំពេញ៖ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអះអាងឲ្យដឹងថា ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 បានកើនឡើងដល់ ៥៨៣ករណីនៅក្នុងសប្ដាហ៍ទី២៥នេះ។
លោកវេជ្ជបណ្ឌិត សុខ ទូច ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១០ថា «ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 បានកើនឡើងដល់ ៥៨៣ករណី»។ លោកបានបន្ថែមថា នៅក្នុងសប្ដាហ៍ទី២៥នេះមានអ្នកឆ្លងជំងឺផ្ដាសាយប្រភេទថ្មីនេះ មានចំនួន១០ករណី ចំណែកអ្នកស្លាប់ដោយសារជំងឺមិនមានការកើនឡើងនោះទេ គឺនៅមានចំនួន៦ករណីដដែល។
លោកវេជ្ជបណ្ឌិតប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានលើកឡើង ថា អ្នកបានឆ្លងជំងឺខាងលើនេះ គឺជាប្រជាជនដែលកំពុងរស់នៅជាយរាជធានីភ្នំពេញ និងក្នុងខេត្តមួយចំនួនទៀតនៃប្រទេសកម្ពុជា។ លោកបានបន្តថា នៅទូទាំងប្រទេសកម្ពុជាមានខេត្ត-ក្រុងចំនួន១៥ហើយឆ្លងជំងឺខាងលើ នេះ គឺមាននៅរាជធានីភ្នំពេញ ខេត្ត សៀមរាប កណ្ដាល តាកែវ កំពង់ស្ពឺ បាត់ដំបង កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម មណ្ឌលគីរី កំពត ព្រៃវែង បន្ទាយមានជ័យ កំពង់ធំ និងខេត្តឧត្តរមានជ័យ។
លោកវេជ្ជបណ្ឌិត សុខ ទូច បានបន្តថា បើទោះបីជា ជំងឺផ្ដាសាយប្រភេទថ្មី A/H1N1 មានចំនួនកើនឡើងតិចយ៉ាងណាក៏ដោយតែប្រជាពលរដ្ឋត្រូវតែយកចិត្ត ទុកដាក់ធ្វើអនាម័យខ្លួនប្រាណឲ្យបានល្អនៅពេលកណ្ដាស់ត្រូវយក ក្រមា ឬកន្សែងយកមកខ្ទប់មាត់មុននឹងកណ្ដាស់ត្រូវលាងសំអាតជាមួយនឹងទឹក សាប៊ូ និងទៅមណ្ឌលសុខភាពនៅពេលដឹងថាខ្លួនកើតជំងឺផ្ដាសាយជំងឺខាងលើ នេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយ A/H1N1 ដល់ខេត្តទាំង២៤នៅទូទាំងប្រទេសមានវ៉ាក់សាំង១.៨លានដូស ដែលអង្គការសុខភាពពិភពលោកបានផ្ដល់ដល់ប្រទេសកម្ពុជាក្នុងខែមីនា និងខែមិថុនា ឆ្នាំ២០១០កន្លងទៅនេះ។
ជំងឺផ្ដាសាយ A/H1N1 បានឆ្លងចូលមកកម្ពុជាតាមរយៈនិស្សិតខ្មែរអាមេរិកាំងម្នាក់មកធ្វើ កម្មសិក្សាក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩កន្លងទៅ។ នៅទូទាំងពិភពលោកមានប្រទេសចំនួន២១៤ហើយបានឆ្លងជំងឺ A/H1N1 និងមានអ្នកស្លាប់យ៉ាងតិច ១៨១៧២នាក់៕
Source: http://women.open.org.kh/km/A%28H1N1%29-583cases-this-week

Sokhayouk on June 23, 2010 | Filed Under Uncategorized | Comments Off
ពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងបានកើនឡើង ៨,៦ភាគរយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០១០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្ម ហុងកុង (HKDTC) កាលពីថ្ងៃចន្ទម្សិលមិញ។
ពាណិជ្ជកម្មទ្វេភាគីរវាងហុងកុង-កម្ពុជាបានកើនឡើងពី ១៥៩ លានដុល្លារអាមេរិក កាលពីឆ្នាំ២០០៩ ដល់ ១៧៣លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំនេះ។
ចាប់ពីដើមឆ្នាំ២០១០ រហូតដល់ខែមេសា ការនាំចេញទំនិញពីហុងកុងមកកម្ពុជាបានកើនឡើង ៨,៦ ភាគរយ ពោលគឺពី ១៥៤,៧លានដុល្លារអាមេរិក រហូតដល់ ១៦៨ លានដុល្លារអាមេរិក។ រីឯទឹកប្រាក់នៅសល់ប្រហែល ៥លានដុល្លារទៀតគឺជាការនាំចេញតាមរយៈមធ្យោបាយផ្សេងៗទៀត ដែលបានកើនឡើង ៧,៨ភាគរយច្រើនជាងឆ្នាំមុន។
លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា(CCC) បានឲ្យដឹងថា កំណើននេះ បានមកពីការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក។ លោកបានលើកឡើងថា៖ “ពាណិជ្ជកម្មរបស់យើងជាមួយហុងកុងមិនប្រឈមនឹងបញ្ហាឡើយ ដោយសារវិនិយោគិនទាំងនោះ ភាគច្រើនកំពុងធ្វើពាណិជ្ជកម្មលើរោងចក្រកាត់ដេរ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ”។
លោក សុខ សុភ័ក្ត្រ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មមិនអាចទាក់ទងការបំភ្លឺបានឡើយ កាលពីថ្ងៃចន្ទ។ ប៉ុន្តែ លោក សុខ សុភ័ក្ត្រ បានបញ្ជាក់កាលពីខែមុនថាពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងហុងកុង កំពុងរីកចម្រើនច្រើនជាងឆ្នាំមុន។
លោកបានលើកឡើងថា៖ “យើងមិនសង្កេតឃើញសញ្ញាណាមួយ បង្ហាញថាពាណិជ្ជកម្មនេះ ធ្លាក់ចុះឡើយ ដោយសារវាធ្លាប់បានធ្លាក់ចុះរហូតដល់បាតរួចម្ដងហើយ ដូច្នេះបច្ចុប្បន្នវាកំពុងងើបឡើងវិញហើយយើងមិនព្រួយបារម្ភចំពោះ ការធ្លាក់ចុះវិញឡើយ ដោយសារសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញ ពិសេសសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុប កំពុងវិលទៅរកភាពប្រសើរវិញហើយ”។
គួរបញ្ជាក់ដែរថា ពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុង បានធ្លាក់ចុះ ២២,២ភាគរយ ពោលគឺពី ៦១៧ លានដុល្លារអាមេរិកកាលពីឆ្នាំ២០០៨ មកនៅត្រឹម ៤៨០លានដុល្លារអាមេរិក កាលពីឆ្នាំ២០០៩៕
Source: http://women.open.org.kh/km/bilateral-investment-cambodia-hongkong-incease-4months-86%25

Sokhayouk on June 23, 2010 | Filed Under Uncategorized | Comments Off
អ្នកជំនាញសារព័ត៌មានបរទេស បានប្រាប់ដល់អ្នកកាសែតកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនាថា អ៊ីនធើណេតបានធ្វើឲ្យមានការប្រែប្រួលខ្លាំងនៅក្នុងវិជ្ជាជីវៈ សារព័ត៌មាន ហើយអ្នកកាសែតត្រូវតែសម្របសម្រួលខ្លួនទៅនឹងការប្រែប្រួលថ្មីនេះ បើសិនជាពួកគេចង់ធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនដំណើរការល្អ ហើយអ្នកកាសែតខ្លួនឯងមិនបាត់បង់ការងារធ្វើទេនោះ។
ការព្រមានបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយក្លឹបអ្នកកាសែត កម្ពុជា ក្រោមការជួយឧបត្ថម្ភដោយមូលនិធិខុនរ៉ាដអាដេណៅអែរ នៃប្រទេសអាលឺម្លង់។
លោកស្រី គិម គីរ៉ែន សាស្ត្រាចារ្យផ្នែកសារព័ត៌មាន មកពីប្រទេសកាណាដាបាននិយាយថា អ៊ីនធើណេតបានធ្វើឲ្យមានសារព័ត៌មានសម័យថ្មីលេចឡើងដូចជាវេបសាយ ប្លក់ ជាដើម។ ព័ត៌មានលែងត្រូវបានផ្ដល់ឲ្យដោយសារព័ត៌មានដែលមានជាប្រពៃណី ដូចជា កាសែត ទូរទស្សន៍ និងវិទ្យុទៀតហើយ។
លោកស្រីបានបង្ហាញអំពីនិន្នាការពិភពលោកដែលមនុស្សកាន់តែច្រើនបាន ងាកទៅប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដែលគេអាចផ្សព្វផ្សាយព័ត៌មាន រូបថត និងវីដេអូបានយ៉ាងរហ័ស។
លោកស្រីបាននិយាយទៀតថា ដូច្នេះបើសិនជាសារព័ត៌មានចង់បានជោគជ័យនោះ គេត្រូវតែគិតដល់ពហុសារព័ត៌មានដោយរាប់បញ្ចូលសារព័ត៌មានសម័យថ្មី ដែលប្រើអ៊ីនធើណេត។ ចំណែកអ្នកកាសែតក៏ត្រូវចាប់យកសារព័ត៌មានបែបថ្មីនេះដែរ បើសិនជាពួកគេមិនចង់បាត់បង់ការងារនោះ។
លោកបណ្ឌិតស្ទេហ្វេន គ្វីន(Stephen Quinn)សាស្ត្រាចារ្យសារព័ត៌មាននៃសាកលវិទ្យាល័យ Deakin ប្រទេសអូស្ត្រាលីវិញ បានបង្ហាញដល់អ្នកកាសែតកម្ពុជានូវរបៀបយកព័ត៌មានសម័យថ្មី ដែលគេត្រូវការត្រឹមតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។ លោកបាននិយាយថា នៅប្រទេសមួយចំនួន អ្នកកាសែតបានប្រើទូរស័ព្ទដូចជាអាយហ្វូនដើម្បីធ្វើសេចក្ដីរាយការណ៍ ព័ត៌មាន។
លោកបាននិយាយថា វាជាដំណើរការទូទៅដូចជាយើងចេះសិល្ប៍ដូច្នេះឯង។ យើងចំណាយពេលតែមួយវិនាទីប៉ុណ្ណោះដើម្បីបញ្ជូនវីដេអូនៃការ សម្ភាសន៍របស់យើងចូលទៅក្នុងប្រព័ន្ធអ៊ីនធើណេត។
នៅប្រទេសកម្ពុជា សារព័ត៌មានសម័យថ្មីមិនទាន់រីកដុះដាលខ្លាំងនៅឡើយទេ។ ប៉ុន្តែនិន្នាការកំពុងតែកើតមាន។ ដូច្នេះការចេញផ្សាយសារព័ត៌មានអនឡាញ www.cen.com.kh ដែលបានចាប់ផ្ដើមកាលពីឆ្នាំ២០០៨ មកដល់ពេលនេះ វេបសាយមួយនេះបានក្លាយទៅជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជន កម្ពុជា។ តាមរយៈវេបសាយនេះ ប្រជាជនកម្ពុជាទាំងនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងឆាប់រហ័ស ដូចជាព័ត៌មាន នយោបាយ សេដ្ឋកិច្ច ការអប់រំ ការកម្សាន្តជាដើម។ ក្រៅពីនេះនោះ វេបសាយនេះបានក្លាយជាឃ្លាំងឯកសារអេឡិចត្រូនិកដ៏សំខាន់បំផុរមួយនៅ កម្ពុជាដែលគេអាចធ្វើការសិក្សាស្រាវជ្រាវបាន។
ជាមួយនឹងភាពរវល់នៃជីវិតប្រចាំថ្ងៃ មនុស្សលែងគ្រាន់តែត្រូវការព័ត៌មានទៀតហើយ។ ប៉ុន្តែគេត្រូវការឲ្យមានការផ្ដល់ព័ត៌មានយ៉ាងរហ័សបំផុតតាមដែល ធ្វើទៅបាននិងនៅគ្រប់ទីកន្លែង៕
Source: http://women.open.org.kh/km/cambodian-journalist-be-warned-to-new-era

Sokhayouk on June 23, 2010 | Filed Under Uncategorized | Comments Off
ការកើនឡើងនូវចំនួនពលករចំណាកស្រុករបស់កម្ពុជា បានបន្តនូវការព្រួយបារម្ភចំពោះក្រុមមន្ត្រីនៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស។ កាលពីសប្ដាហ៍មុន អាមេរិកបានបង្កើនចំណាត់ថ្នាក់កម្ពុជាមកលេខ២ ក្នុងការប្រឆាំងការជួញដូរមនុស្ស។
ក្រុមអ្នកអង្កេតការណ៍បានថ្លែងថា ចំណាត់ថ្នាក់ពលករចំណាកស្រុកដែលកំពុងកើនឡើងយ៉ាងខ្លាំងរបស់ប្រទេស កម្ពុជា បង្កឲ្យមានបញ្ហាកើនឡើងសម្រាប់ក្រុមមន្ត្រីក្នុងការប្រយុទ្ធ ប្រឆាំងនឹងការជួញដូរមនុស្ស។ ខណៈដែលរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយ កាលពីសប្ដាហ៍មុនបង្ហាញ ប្រទេសកម្ពុជាបានអនុវត្តវិធានការវិជ្ជមានកាលពីឆ្នាំមុនក្នុងការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អ្នកខ្លះបានក្រើនរម្លឹកយ៉ាងខ្លាំងផងដែរថា ពលករចំណាកស្រុកដែលធ្វើដំណើរទៅបរទេសដើម្បីស្វែងរកឱកាសការងារបាន ទទួលរងនូវបញ្ហាកាន់តែកើនឡើង។
លោក Manfred Hornung ទីប្រឹក្សាច្បាប់នៅអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថា ក្រុមរបស់លោកបានធ្វើការជាមួយពលករចំណាកស្រុកដែលធ្លាប់ទទួលការ រត់ពន្ធចំនួនប្រហែល៦០នាក់ដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេស កម្ពុជាវិញក្នុងរយៈពេល១៨ខែកន្លងមកនេះ។ លោកបានថ្លែងថា ពួកគេទទួលរង «សញ្ញានៃគ្រោះថ្នាក់យ៉ាងខ្លាំង» នៅពេលដែលពួកគេធ្លាប់ចូលក្នុងការជួញដូរនោះ។
លោកបានបន្តថា រឿងរ៉ាវរបស់ពួកគេគឺស្រដៀងគ្នា។ ដោយសារតែភាពកាន់តែខ្វះខាតការងារនៅក្នុងស្រុក ពលករជាច្រើនត្រូវបានលួងលោមដោយឈ្មួញក្នុងស្រុកដោយសន្យាថា នឹងរកការងារដែលមានប្រាក់ខែខ្ពស់ឲ្យពួកគេក្នុងប្រទេសថៃ។ ពួកគេត្រូវបានទទួលរងការរត់ពន្ធឆ្លងកាត់ព្រំដែនដោយចេតនា។ ពួកគេត្រូវបានចាក់សោឲ្យនៅក្នុងបន្ទប់ផ្ទះសំណាក់ មុនពេលត្រូវបានលក់ទៅឲ្យកប៉ាល់នេសាទត្រី។ នៅពេលដែលពួកគេដឹងថា រឿងនោះកើតឡើងលើពួកគេ វាយឺតពេលរួចទៅហើយ។
លោក Hornung បានថ្លែងបញ្ជាក់ថា ពលករទាំងនោះស្ទើរតែក្លាយជាកម្មករទាសករ។ ពលករទាំងនោះជាច្រើនបានរាយការណ៍ថា ពួកគេទទួលរងស្ថានភាពការងារធ្ងន់ធ្ងរ អ្នកខ្លះឃើញការវាយដំនិងការសម្លាប់ផ្ទាល់នឹងភ្នែក»។ លោកបានបន្តទៀតថា «ក្នុងករណីជាច្រើន ពួកគេពិតជាស្ថិតនៅក្នុងរឿងរ៉ាវដ៏អាក្រក់នៃការជួញដូរមនុស្សទៅ លើពលករចំណាកស្រុកប្រុសៗឲ្យស្ថិតនៅក្នុងការកេងប្រវ័ញ្ចពលកម្ម»។
ផ្នែកនៃភាពលំបាកក្នុងស្ថានភាពជាក់ស្ដែងទាំងនោះ មិនទាន់ទទួលបានចំនួនតួលេខច្បាស់លាស់នៅឡើយទេ ថាតើមានមនុស្សចំនួនប៉ុន្មាននាក់ដែលធ្លាក់ចូលក្នុងអាជីវកម្ម នេះ។ ធនាគារពិភពលោកបានប៉ាន់ប្រមាណថា មានពលករចំណាកស្រុកកម្ពុជាចំនួនប្រហែល ៣៥០០០០នាក់ត្រូវបានគេបង្ហាញថា បានទៅធ្វើការនៅបរទេស។ ក្រុមអង្កេតការណ៍ដែលធ្វើការជាមួយបញ្ហាពលករចំណាកស្រុក បានថ្លែងថា ចំនួនកម្មករដែលទៅធ្វើការនៅបរទេសដែលមិនត្រូវបានគេរាយការណ៍ក៏ មានចំនួនច្រើនដែរ។
លោក Hornung បានបន្តទៀតថា ប៉ុន្តែចំនួនប៉ាន់ស្មានមួយក៏បានបង្ហាញផងដែរថា ពលរដ្ឋក្មេងៗចំនួនពី ២៥០ ០០០ ដល់ ៣០០ ០០០នាក់ក្នុងប្រទេសកម្ពុជាបានចូលក្នុងទីផ្សារការងាររៀងរាល់ឆ្នាំ។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ។ ប្រសិនបើមានការខ្វះការងារក្នុងប្រទេសកម្ពុជា ពលរដ្ឋក្មេងៗទាំងនេះនឹងត្រូវបានបង្ខំឲ្យស្វែងរកការងារនៅបរទេស ដើម្បីរកប្រាក់ចំណូល។ លោកបានបញ្ជាក់ថា «អ្នកក៏អាចដឹងផងដែរថា ឥឡូវនេះមានពលរដ្ឋក្មេងៗ ជាច្រើនត្រូវតែស្វែងរកជម្រើសការងារផ្សេងៗ។
ប៉ុន្តែលោក ប៊ិត គឹមហុង ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃក្នុង ប្រទេសកម្ពុជា បានទទួលស្គាល់ថា ពលរដ្ឋជាច្រើនកំពុងត្រូវបានជួញដូរឲ្យចូលក្នុងការងារដែលទទួល រងការបង្ខំក្នុងប្រទេសផ្សេងៗ ប៉ុន្តែលោកបានថ្លែងថា អាជ្ញាធរកំពុងបង្កើនការអនុវត្តច្បាប់។ លោកបានថ្លែងបញ្ជាក់ថា «រដ្ឋាភិបាលបានបង្កើតយុទ្ធសាស្ត្រឆ្នាំ២០១០របស់ខ្លួនសម្រាប់ការ ស៊ើបអង្កេតឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន»។
របាយការណ៍ស្ដីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិកដែល ចេញផ្សាយការពីសប្ដាហ៍មុនបានលើកឡើងនូវចំនួនកាត់ទោសជនល្មើស ជួញដូរមនុស្សច្រើនជាងមុនដែលនេះបានធ្វើឲ្យប្រទេសកម្ពុជាចេញ ពីបញ្ជីឃ្លាំមើលនៃប្រទេសនានាដែលត្រូវបានវាយតម្លៃថា មិនបានប្រយុទ្ធប្រឆាំងនឹងបញ្ហានៃការជួញដូរមនុស្សនេះឲ្យបាន គ្រប់គ្រាន់។ តែទោះបីជាយ៉ាងណាក៏ដោយ ការកាត់ទោសមួយក្នុងចំណោមការកាត់ទោសទាំង៣៦ ដែលត្រូវបានទាក់ទងនឹងការជួញដូរមនុស្ស បានបង្ហាញថា មនុស្សដែលពាក់ព័ន្ធនឹងជួញដូរនោះត្រូវបានដាក់ទោសក្នុងកម្រិត ខ្សោយ។
របាយការណ៍បានថ្លែងថា «ការជួញដូរពលកម្មលើប្រជាជនកម្ពុជាឲ្យទៅធ្វើការនៅបរទេស គឺជាបញ្ហាដែលកំពុងកើនឡើង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងជាងមុនពីអាជ្ញាធរនៅ ឆ្នាំខាងមុខៗនេះ»។ របាយការណ៍បន្តថា «ខណៈមានរបាយការណ៍កាន់តែកើនឡើងស្ដីពីពលករចំណាកស្រុកកម្ពុជាដែល កំពុងក្លាយជាជនរងគ្រោះធ្លាក់ចូលក្នុងការជួញដូរដោយសារតែ ស្ថានភាពកេងប្រវ័ញ្ចពលកម្មក្នុងប្រទេសនានាទាំងនោះ រដ្ឋាភិបាលមិនដែលបានដាក់ទោសឧក្រិដ្ឋលើអ្នកជ្រើសរើសពលករទាំងនោះ ឬនាំខ្លួនអ្នកជ្រើសរើសពលករទាំងនោះទៅដាក់ទោសនោះទេ ដែលក្រុមហ៊ុនរបស់ពួកគេជាប់ពាក់ព័ន្ធជាមួយនឹងការជួញដូរពលកម្ម»៕
Source: http://women.open.org.kh/km/migration-increase-incambodia

Sokhayouk on June 22, 2010 | Filed Under Uncategorized | Comments Off
លោក ស៊ូយ៉ា ស៊ូប៊ឺឌី (Surya Subedi) អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិ បានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃពុធ ហើយបានសន្យាថានឹងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើឲ្យប្រព័ន្ធសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោកស៊ូយ៉ា ស៊ូប៊ឺឌី បានសរសើរភាពរីកចម្រើនស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយបានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះការទទួលយកអនុសាសន៍របស់ អង្គការសហប្រជាជាតិ កាលពីពេលមុន ហើយលោកបានសម្ដែងការសរសើរចំពោះការបង្កើតក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល និងបានស្ដីបន្ទោសក្រុមប្រឆាំង និងក្រុមសង្គមស៊ីវិលមួយចំនួនដែលបានរិះគន់ស្ថាប័ននេះភ្លាមៗ ដោយមិនរង់ចាំមើលការអនុវត្តរបស់ស្ថាប័ននេះសិន។
លោក កុយ គួង បានស្រង់សម្ដីរបស់លោកស៊ូយ៉ា ស៊ូប៊ឺឌី ថា «ខ្ញុំសូមថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ ល្អជាមួយខ្ញុំ»។ មន្ត្រីរាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្ស បានថ្លែងថា សង្គមស៊ីវិល និងក្រុមប្រឆាំង មិនគួរធ្វើការរិះគន់ មុនពេលស្ថាប័ននេះដំណើរការនោះទេ»។ លោក ស៊ូយ៉ា ស៊ូប៊ឺឌី បានបន្តទៀតថា ពួកគេគួរតែរង់ចាំមើលការអនុវត្តរបស់ស្ថាប័ននេះសិន។
ជាការឆ្លើយតប លោក ហោ ណាំហុង បានស្វាគមន៍ចំពោះបេសកកម្មរបស់លោក ស៊ូប៊ឺឌី ហើយបានសម្ដែងពីជំហររបស់រដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិក្នុងការលែលម្អវិស័យមួយចំនួនដែលលើកឡើង ដោយលោកមន្ត្រីអង្គការសហប្រជាជាតិរូបនេះ។
លោកសាស្ត្រាចារ្យ ស៊ូយ៉ា ស៊ូប៊ឺឌី បានបំពេញបេសកកម្មលើកទីបីរបស់លោកមកប្រទេសកម្ពុជាចំនួន១០ថ្ងៃ ដែលក្នុងបេសកកម្មលើកនេះ លោកផ្ដោតសំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងប្រទេសកម្ពុជា។ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក លោកបានជួបជាមួយមន្ត្រីតុលាការ និងមន្ត្រីមួយចំនួននៅក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ លោកស៊ូយ៉ា ស៊ូប៊ឺឌី គ្រោងនឹងធ្វើសន្និសីទកាសែតនៅថ្ងៃនេះ (ព្រហស្បតិ៍) អំពីដំណើរទស្សនកិច្ចរបស់លោក មុនពេលលោកចាកចេញពីប្រទេសកម្ពុជា៕
Source: http://women.open.org.kh/km/SuryaSubedi-admire-human-right-incambodia

Sokhayouk on June 22, 2010 | Filed Under human rights | Comments Off
ក្រុមហ៊ុនមកពីប្រទេសចំនួន៤នៅក្នុងតំបន់អាស៊ីបានស្នើធ្វើការ វិនិយោគលើដំណាំកសិ-ឧស្សាហកម្មក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្នុងទំហំទឹកប្រាក់ជាច្រើនរយលានដុល្លារ។
លោក ឌុយ ធៅ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុនមកពី ប្រទេសចិន វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី បានស្នើធ្វើការវិនិយោគ ក្នុងទឹកប្រាក់សរុប២៣៤លានដុល្លារដើម្បីដាំកៅស៊ូ ដូងប្រេង និងអំពៅនៅក្នុងខេត្តកំពង់ស្ពឺ ក្រចេះ និងមណ្ឌលគីរី។ លោកបញ្ជាក់ថា «យើងសង្ឃឹមថា នៅក្រោមការវិនិយោគនេះវិស័យកសិ-ឧស្សាហកម្មរបស់ប្រទេសកម្ពុជានឹង មានការអភិវឌ្ឍយ៉ាងលឿនទៅរកភាពរីកចម្រើនដោយផ្ដល់នូវការងារធ្វើ សម្រាប់ប្រជាជនហើយនិងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិ»។
កាលពីថ្ងៃអង្គារសំណើវិនិយោគខាងលើត្រូវបានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា អនុម័តរួចហើយគឺរង់ចាំតែការសម្រេចចុងក្រោយពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។
លោក ឌុយ ធៅ ថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសង្ឃឹមថា នាយករដ្ឋមន្ត្រីនឹងសម្រេចយល់ព្រមទៅលើគម្រោងស្នើសុំខាងលើក្នុង ពេលឆាប់ៗនេះ។ ការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មជាអត្ថិភាពចម្បងរបស់រដ្ឋាភិបាល កម្ពុជា។
តាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រទេសទាំង៤ បានគម្រោងចំនួន៦ក្នុងនោះមានចិនមានពីរគម្រោងលើការដាំអំពៅ នៅខេត្តកំពង់ស្ពឺដែលមានទឹកប្រាក់សរុប ១៤២លានដុល្លារ និង២គម្រោងមកពីប្រទេសវៀតណាមទាក់ទងនឹងការដាំកៅស៊ូ និងការសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូនៅខេត្តក្រចេះដែលមាន ទឹកប្រាក់សរុប៣៦លានដុល្លារអាមេរិក។
ប្រទេសម៉ាឡេស៊ីបានស្នើសុំ១គម្រោងលើការដាំដូងប្រេងនៅខេត្ត កំពង់ស្ពឺ ក្នុងទឹកប្រាក់សរុប២៦លានដុល្លារហើយសិង្ហបុរី និងម៉ាឡេស៊ីស្នើដដែលសុំរួមគ្នា១គម្រោងទាក់ទងការដាំកៅស៊ូនៅ ខេត្តមណ្ឌលគីរីមានទឹកប្រាក់៣០លានដុល្លារ។
លោក ច័ន្ទ តុងអ៊ីវ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកផ្នែកគម្រោងវិនិយោគបានសាទរនឹងគម្រោងវិនិយោគនេះ «វាជាការល្អប្រសើរបំផុតសម្រាប់ប្រទេសកម្ពុជាបើសិនជាគម្រោងដែល បានស្នើសុំ ទាំងអស់ខាងលើត្រូវបានក្រុមប្រឹក្សាធ្វើការអភិវឌ្ឍបានប្រកបដោយ ជោគជ័យនៅលើមូលដ្ឋានជាក់ស្ដែង»។ លោកថ្លែងថា កម្ពុជាមានសក្ដានុពលសម្រាប់ដំណាំដូចជាកៅស៊ូអំពៅ និងដំណាំកសិ-ឧស្សាហកម្មដទៃៗទៀត ប៉ុន្តែសំខាន់ប្រទេសនេះពុំមានទុនគ្រប់គ្រាន់ក្នុងការវិនិយោគដោយ ផ្ទាល់។
តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៩ មានក្រុមហ៊ុនសរុបចំនួន១២៦ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច សម្រាប់ធ្វើការដាំដុះដំណាំកសិ-ឧស្សាហកម្មនៅកម្ពុជាលើផ្ទៃដីចំនួន ១ ៣៣៥ ៧២៤ ហិកតាក្នុងខេត្តចំនួន១៦ហើយក្នុងនោះមានក្រុមហ៊ុនចំនួន៤១ ត្រូវបានលុបគោលការណ៍ និងកិច្ចសន្យាលើផ្ទៃដីចំនួន ៣៧៩ ០៣៤ហិកតា ដោយសារតែការអនុវត្តផ្ទុយពីផែនការមេនិងកិច្ចសន្យា។
បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៨៥ដែលនៅមានសុពលភាពលើដីសម្បទានសេដ្ឋកិច្ចចំនួន ៩៥៦ ៦៩០ ហិកតានៅក្នុងប្រទេសក្នុងនោះភាគច្រើនគឺដីសម្បទានសម្រាប់ដាំ កៅស៊ូ អំពៅ និងដូងប្រេង៕
Source: http://women.open.org.kh/km/foreign-company-investment-over-200m-incambodia

Sokhayouk on June 22, 2010 | Filed Under Uncategorized | Comments Off
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល កាលពីថ្ងៃអង្គារបានបោះឆ្នោតសម្ងាត់ដើម្បីជ្រើសរើសប្រធាន និងអនុប្រធានរបស់ខ្លួនដើម្បីដឹកនាំស្ថាប័ននេះ ខណៈក្រុមប្រឆាំងបានរិះគន់ថា ស្ថាប័ននេះមិនអាចបំពេញតួនាទីរបស់ខ្លួនដោយជោគជ័យនោះទេ ដោយចោទប្រកាន់ថា ភាគច្រើននៃមន្ត្រីទាំងនោះគឺជាមន្ត្រីពុករលួយ។
មន្ត្រីចំនួន១១រូបត្រូវបានតែងតែឲ្យកាន់តំណែងនៅក្នុង ក្រុមប្រឹក្សាជាតិប្រឆាំងនឹងអំពើពុករលួយ។ នៅក្នុងការបោះឆ្នោតសម្ងាត់ កាលពីថ្ងៃអង្គារនៅទីស្ដីការគណៈរដ្ឋមន្ត្រីលោក តុប សំ ត្រូវបានជ្រើសរើសដោយសភាជាតិ ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធាន ហើយលោក ប្រាក់ សុខ ដែលត្រូវបានជ្រើសរើសដោយព្រឹទ្ធសភាត្រូវបានបោះឆ្នោតឲ្យធ្វើជា អនុប្រធាននៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះ។
សមាជិកចំនួន៩នាក់ដទៃទៀតដូចជាលោក គុយ សុផល ត្រូវបានជ្រើសរើសដោយព្រះមហាក្សត្រ លោក ចាន់ តានី ត្រូវបានជ្រើសដោយរដ្ឋាភិបាល លោក អ៊ុត ឈន ត្រូវបានជ្រើសរើសដោយអាជ្ញាធរជាតិសវនកម្មដែលបច្ចុប្បន្នលោកជា ប្រធានអាជ្ញាធរសវនកម្មជាតិលោកស្រី សោម គឹមសួគ៌ ត្រូវបានជ្រើសរើសដោយក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និងអធិការកិច្ច ដែលបច្ចុប្បន្ន លោកស្រីជារដ្ឋមន្ត្រីក្រសួងនេះ លោក ហេង វង្សប៊ុនឆាត ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកច្បាប់ លោក ស៊ុយ ម៉ុងលាង ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាកំណែទម្រង់ច្បាប់នៃប្រព័ន្ធ យុត្តិធម៌ក្នុងទីស្ដីការគណៈរដ្ឋមន្ត្រីលោក ជីវ កេង ត្រូវបានជ្រើសរើសដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែល បច្ចុប្បន្នជាប្រធានតុលាការរាជធានីភ្នំពេញ លោក កែវ រ៉េមី ត្រូវបានជ្រើសរើសដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ឱម យ៉ិនទៀង មកពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលបច្ចុប្បន្នលោកជាប្រធានអង្គភាពនេះ។
លោក តុប សំ ដែលត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយបានថ្លែងថា ចាប់តាំងពីពេលនេះទៅយន្តការសម្រាប់ការអនុវត្តច្បាប់ប្រឆាំងអំពើ ពុករលួយត្រូវបានបង្កើតឡើង ហើយព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ កម្ពុជាផងដែរ។ លោកបានបញ្ជាក់ថា «សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវតែអនុវត្តតាម ច្បាប់ប្រឆាំងអំពើពុករលួយ។ កាតព្វកិច្ចរបស់យើងគឺត្រូវអនុវត្តច្បាប់»។
លោកបានបន្តទៀតថា សមាជិកចំនួន១១នាក់របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែល ត្រូវបានជ្រើសរើសដោយច្បាប់ត្រូវតែគោរពច្បាប់ប្រឆាំងអំពើពុករលួយ ដែលត្រូវបានអនុម័តក្រោយពីមានការទន្ទឹងរង់ចាំអស់រយៈពេលជាយូរមក ហើយ។ ហេតុដូច្នេះហើយ អ្នករាល់គ្នាប្រាកដជារង់ចាំមើលការអនុវត្តច្បាប់នេះ។
លោក តុប សំ បានថ្លែងបញ្ជាក់ទៀតថា «ខ្ញុំជឿថា មន្ត្រីជាន់ខ្ពស់ចំនួន១១នាក់មានកាតព្វកិច្ចគោរពច្បាប់ដែលត្រូវ បានអនុម័តរួចហើយ។ ហេតុដូច្នេះហើយ ជាលទ្ធផល អ្នកប្រាកដជារង់ចាំមើលការអនុវត្តច្បាប់ ដូច្នេះការសង្ស័យ ឬមន្ទិលសង្ស័យផ្សេងៗ គឺជាសិទ្ធិរបស់អ្នក។ ប៉ុន្តែយើងនឹងព្យាយាមបំពេញកាតព្វកិច្ចទាំងប្រាំពីរដែលចែងក្នុង មាត្រា១០នៃច្បាប់ប្រឆាំងអំពើពុករលួយ»។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវបានជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានថ្លែងនៅសន្និសីទកាសែតថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺមានភាពលំបាកណាស់ពីភស្តុតាង ស្ដីពីអំពើពុករលួយមានលក្ខណៈសម្ងាត់ និងពិបាករក។ លោកថ្លែងថា អ្នកផ្ដល់សំណូក និងអ្នកទទួលសំណូកមានទំនាក់ទំនងល្អជាមួយគ្នាហើយរក្សាការ សម្ងាត់។ លោក ឱម យ៉ិនទៀង បានថ្លែងបញ្ជាក់ថា «ភាគីពីរ ដែលពុករលួយ អ្នកផ្ដល់សំណូក និងអ្នកទទួលសំណូកមិនមានទំនាស់នឹងគ្នានោះទេពួកគេទទួល អត្ថប្រយោជន៍រួមគ្នា។ ដូច្នេះ [យើង] មិនមានភាពងាយស្រួលក្នុងការស្វែងរកភស្តុតាងនោះទេ ផ្អែកតាមមូលដ្ឋាននេះ ពួកគេតែងតែនិយាយថាការប្រឆាំងអំពើពុករលួយគឺលំបាកណាស់»។
លោក ឱម ទៀង បានថ្លែងបញ្ជាក់ថា «យើងជឿជាក់ថា ការប្រកាសទ្រព្យសម្បត្តិគឺជាការងារទីមួយដែលក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយត្រូវតែធ្វើភ្លាម»។ លោកបានបន្តថា ក្រោយពីក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយត្រូវបានបង្កើតឡើង ការប្រកាសទ្រព្យសម្បត្តិត្រូវតែចាប់ផ្ដើមធ្វើឡើង។
តែទោះបីជាយ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានថ្លែងថាលោកមិនគាំទ្រការតែងតែ សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនេះទេ ដោយលោកថ្លែងសមាជិកទាំងនោះត្រូវបានជ្រើសរើសចេញពីមន្ត្រី រដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមិនអាចបំពេញកាតព្វកិច្ចរបស់ ខ្លួនបានជោគជ័យនោះទេ ពីព្រោះពួកគេជាមន្ត្រីពុករលួយ។
លោក យឹម សុវណ្ណ បានថ្លែងបញ្ជាក់ថា «គណបក្សសមរង្ស៊ីមិនគាំទ្រនោះទេដែលថា ទីស្ដីការគណៈរដ្ឋមន្ត្រីមានអំណាចទាំងស្រុងក្នុងការតែងតាំងសមាជិក នៃស្ថាប័នប្រឆាំងអំពើពួករលួយនេះ។ យើងមានក្ដីសង្ឃឹមតិចតួចណាស់។ ប្រសិនបើស្ថាប័ននេះអាចធ្វើការបានដោយប្រសិទ្ធភាពលោកហ៊ាននិយាយថា ការងារគឺគ្រាន់តែរារាំងអំពើពុករលួយតែប៉ុណ្ណោះ»។
លោក យឹម សុវណ្ណ បានថ្លែងបន្តថា «មន្ត្រីពុករលួយបំផុតគឺស្ថិតនៅក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាល តើក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយហ៊ានចាត់វិធានការចំពោះ ស្ថាប័នទាំងនោះឬទេ?»។ លោកបន្ថែមទៀតថា លោកមានសង្ឃឹមតែលើរូបលោក គុយ សុផល ប៉ុណ្ណោះ ដែលជាមន្ត្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រ ប៉ុន្តែសំឡេងភាគតិចមិនសម្រេចអ្វីបាននោះទេ។
លោក សុក សំអឿន នាយកប្រតិបត្តិរបស់ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែង ថា លោកមិនដឹងប្រវត្តិរបស់លោក តុប សំ ច្បាស់គ្រប់គ្រាន់នោះទេ ហើយមិនអាចធ្វើអត្ថាធិប្បាយចំពោះការតែងតាំងលោកឲ្យធ្វើជាប្រធាន គណៈកម្មការនេះទេ។ ប៉ុន្តែលោកបានបន្ថែមថា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជានឹងតាមដានដំណើរការនៃ គណៈកម្មការនេះដោយយកចិត្តទុកដាក់។ លោកបានបញ្ជាក់ថា «ដោយសារតែឥឡូវនេះគណៈកម្មការនេះត្រូវបានបង្កើតឡើងយើងអាចមើល អ្វី ដែលពួកគេនឹងធ្វើហើយយើងនឹងពិនិត្យ»។
លោកបន្តថា «ពួកគេទាំងអស់គ្នាមកពីគណបក្សកាន់អំណោយ ដូច្នេះជោគជ័យ ឬបរាជ័យនៃគណៈកម្មការនេះគឺអាស្រ័យលើគណបក្សប្រជាជន។ ដូច្នេះគណបក្សប្រជាជនត្រូវតែបង្ហាញថាខ្លួនមានឆន្ទៈប្រយុទ្ធ ប្រឆាំងអំពើពុករលួយប្រសិនបើពួកគេបរាជ័យ នោះយើងនឹងឃើញលទ្ធផលគណបក្សនេះនៅពេលបោះឆ្នោតលើកក្រោយ»៕
Source: http://women.open.org.kh/km/national-council-on-Anti-corruption-step-forward

Sokhayouk on June 22, 2010 | Filed Under Uncategorized | Comments Off
អង្គការលីកាដូ និងអាដហុកបានបង្ហាញស្ថិតិនៃការរំលោភបំពានផ្លូវភេទលើកុមារ ក្នុងឆ្នាំ២០១០ ដែលមានចំនួនកើនឡើងពីមួយខែទៅមួយខែ ធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈពេលដែលករណីរំលោភទូទៅថយចុះ។
យោងតាមអង្គការអាដហុក ការរំលោភផ្លូវភេទលើអនីតិជន បានកើនឡើងជារៀងរាល់ខែ លើកលែងតែខែមករាដែលបានថយចុះពី៣៧ករណី មកត្រឹម ២២ករណី។ ក្នុងខែកុម្ភៈឆ្នាំ២០១០ មានករណីរំលោភចំនួន៣៣ ករណីធៀបនឹង២២ករណី ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០០៩។ ក្នុងឆ្នាំ២០១០ ករណីរំលោភលើអនីតិជនសរុបមាន ១៣៥ករណី ក្នុងនោះអង្គការលីកាដូ បានទទួលទិន្នន័យនៃការរំលោភលើអនីតិជន ចំនួន៨៣ករណីក្នុងឆ្នាំ២០១០ ធៀបនឹង៨៧ករណីក្នុងឆ្នាំ២០០៩។
អ្នកស្រី Sawada Chan Krisna ប្រធានផ្នែកកុមារ និងស្ត្រី នៃអង្គការអាដហុក បានថ្លែងថា «ជារួម ចំនួនពាក្យបណ្ដឹងពាក់ព័ន្ធនឹងករណីរំលោភ បានកើនឡើងជារៀងរាល់ឆ្នាំ ដោយសារតែប្រជាជនមានការយល់ដឹង អំពីបទល្មើសផ្លូវភេទ និងបានដាក់ពាក្យបណ្ដឹងមកនគរបាល និងអង្គការមិនមែនរដ្ឋាភិបាល»។ អ្នកស្រីបានចង្អុលបង្ហាញពីការកើនឡើងករណីរំលោភផ្លូវភេទ នៅក្នុងខេត្តកណ្ដាល បាត់ដំបង និងសៀមរាប ដែលជាខេត្ត កើតមានករណីបទល្មើសរំលោភផ្លូវភេទច្រើនបំផុត។
លោក សៅ សេនី អ្នកឃ្លាំមើលសិទ្ធិកុមារនៃអង្គការលីកាដូ បានទទួលស្គាល់ថា ខេត្តបាត់ដំបង សៀមរាប គឺជាខេត្តដែលមានករណីរំលោភច្រើន ហើយអង្គការលីកាដូក៏បានទទួលពាក្យបណ្ដឹងជាច្រើន នៅក្នុងខេត្តកំពត និងកំពង់ឆ្នាំងដែរ។ លោកបានថ្លែងថា «នគរបាលបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបទល្មើសរំលោភផ្លូវភេទ ប៉ុន្តែនៅតែមានការចរចាគ្នាក្រៅតុលាការ ដែលជាលទ្ធផលអ្នកប្រព្រឹត្តបទល្មើស មិនត្រូវបានបញ្ជូនទៅកាន់តុលាការឡើយ។ ប្រជាជននៅជនបទ ចាប់ផ្ដើមយល់អំពីការតស៊ូមតិ ដូច្នេះពួកគេបានមកសុំការជួយជ្រោមជ្រែងពីអង្គការរបស់យើង»។ លោកបានថ្លែងថា ករណីរំលោភផ្លូវភេទភាគច្រើន បានកើតមានលើកុមារចាប់ពីអាយុ៥ឆ្នាំដល់១១ឆ្នាំ និងបានបន្តកើនឡើងខ្ពស់ នៅក្នុងឆ្នាំនេះ។ លោក សៅ សេនី បានថ្លែងថា «ករណីរំលោភផ្លូវភេទភាគច្រើនកើនឡើងនៅលើគ្រួសារក្រីក្រ នៅពេលដែលឪពុកម្ដាយរបស់ពួកគេ ទៅធ្វើការ ហើយទុកកូននៅជាមួយអ្នកជិតខាងនិងពូ។ វាជាឱកាសសម្រាប់ជនប្រព្រឹត្តបទល្មើសផ្លូវភេទ»។
លោកស្រី ម៉ៅ យិន អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តសៀមរាបបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងឆ្នាំនេះខេត្តបានរកឃើញថា មានករណីរំលោភផ្លូវភេទ លើកុមារពី៥ទៅ៦ករណីក្នុងមួយខែៗធៀបទៅនឹង២ទៅ៣ករណី ក្នុងឆ្នាំ២០០៩។ លោកស្រីបានថ្លែងថា «ករណីរំលោភផ្លូវភេទ មិនមានការថយចុះនោះទេ ដោយសារតែបញ្ហាភាពយន្តអាសអាភាស និងកត្តាអសីលធម៌ក្នុងសង្គម ជាពិសេសយើងឃើញថា ទោះបីជាឪពុកបង្កើត ក៏រំលោភកូនខ្លួនឯងដែរ»។
លោក ប៊ិត គឹមហុង ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៅក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ការខ្វះចន្លោះក្នុងការអនុវត្តច្បាប់របស់មន្ត្រីនគរបាល នៅតែកើតមាន ប៉ុន្តែការពង្រឹងអនុវត្តច្បាប់នឹងអាចផ្លាស់ប្ដូរឥរិយាបថមិន ប្រក្រតីនេះ។ ទោះជានាយកដ្ឋានប្រឆាំងការជួញដូរមនុស្សមិនទាន់បានបូកសរុប របាយការណ៍នៅឡើយក្ដី លោកបានថ្លែងថា ករណីរំលោភផ្លូវភេទបានកើនឡើង។ លោកបន្តថា នគរបាលត្រូវតែបណ្ដុះបណ្ដាលពីរបៀបវិភាគថា តើវាជាករណីរំលោភ ឬមិនមែន នៅពេលដែលពួកគេទាំងសងខាង ឯកភាពគ្នាប៉ុន្តែឪពុកម្ដាយរបស់ពួកគេ បំបែកពួកគេនោះវាមិនមែនជាករណីរំលោភផ្លូវភេទទេ៕
Source: http://women.open.org.kh/km/rape-increase-in-2010

Sokhayouk on June 22, 2010 | Filed Under Women Issues | Comments Off
ប្រវត្តិសង្ខេបមេធាវីអន្តរជាតិ សីលគីស្ទូហ្សិនស្គី
- ជាសហមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីអន្តរជាតិនៅកម្ពុជាសម្រាប់ ជនរងគ្រោះ តាំងពីខែកុម្ភៈ ឆ្នាំ២០០៨
- ជាមេធាវីនៅប្រទេសអាល្លឺម៉ង់ចំនួន ១៧ឆ្នាំ ជំនាញខាងច្បាប់ព្រហ្មទណ្ឌ។ តំណាងជនរងគ្រោះ ផ្នែកអំពើហិង្សាផ្លូវភេទ
១) តើមានអំពើហិង្សាផ្លូវភេទបែបណាខ្លះដែលបានកើតឡើងក្នុងរបបខ្មែរ ក្រហម?
យើងមានឯកសារស្តីអំពីជនរងគ្រោះដែលត្រូវគេរំលោភ ខ្លះទៀតត្រូវគេកាត់អវយវៈភេទ។ យើងមានករណីជាច្រើនដែលជនរងគ្រោះត្រូវគេបង្ខំអោយដោះសំលៀកបំពាក់ ចេញ ឬបង្ខំអោយនៅខ្លួនទទេ។ យើងឃើញមានរឿងអំពើហិង្សាខាងផ្លូវភេទទៅលើទាំងស្ត្រីនិងបុរស ព្រមទាំងមានករណីបង្ខំអោយរៀបការជាច្រើនករណី។
២) យោងតាមគោលនយោបាយខ្មែរក្រហម ការខុសសីលធម៌ត្រូវបានគេហាមប្រាម និងទទួលទណ្ឌកម្ម។ តើអំពើហិង្សាខាងផ្លូវភេទអាចកើតឡើងឬទេ បើមានគោលនយោបាយបែបនេះហើយ?
ជាការត្រឹមត្រូវហើយ អ្វីដែលគេហាមឃាត់នោះមិនមានន័យថាវាមិនកើតឡើងនោះទេ។ ករណីបែបនេះ ឬរឿងអំពើហិង្សាខាងផ្លូវភេទគឺកើតមានគ្រប់ប្រទេសលើពិភពលោក ហើយគេមិនអនុញ្ញាតអោយរំលោភផ្លូវភេទនោះទេ។ ដូច្នេះទោះបីជាមានការហាមឃាត់ក៏ដោយ ក៏ឧក្រិដ្ឋកម្មបែបនេះបានកើតឡើងដែរ ហើយយើងអាចរកឃើញភស្តុតាងជាច្រើនបានបង្ហាញអោយឃើញថា ទោះបីជាមនុស្សត្រូវបានគេចោទប្រកាន់ចំពោះឧក្រិដ្ឋកម្មបែបនេះក៏ ដោយ ត្រូវបានគេដោះលែង ពីពន្ធនាគារប្រសិនបើគេមានគុណចំពោះបដិវត្តន៍។ នោះមានន័យថាអំពើឧក្រិដ្ឋកម្មបែបនេះ គេមិនបានដាក់ទោសខណ្ឌទេ។ មានករណីជាច្រើនបែបនេះ ដែលបង្ហាញឲ្យឃើញថាមិនត្រូវបានគេយកចិត្តទុកដាក់ឲ្យបាន ខ្លាំងក្លាឡើយ។
៣) ហេតុអ្វីការចូលរួមរបស់ជនរងគ្រោះនៃអំពើហិង្សាខាងផ្លូវភេទមាន សារៈសំខាន់នៅក្នុងតុលាការនេះ?
វាពិតជាមានសារៈសំខាន់ណាស់ ដែលវាជាផ្នែកមួយនៃប្រវត្តិសាស្ត្រដែលបានកើតឡើងក្នុងរបបខ្មែរ ក្រហម បានត្រូវបានបង្ហាញឡើងតាមរយៈតុលាការនេះដែលគេបានធ្វើមិនដឹងមិន ឭ និងមិនយកចិត្តទុកដាក់ចំពោះឧក្រិដ្ឋកម្មនេះកន្លងមក និងដើម្បីបង្ហាញឲ្យឃើញនូវរឿងរ៉ាវនេះទាំងស្រុង និងដើម្បីធានានូវយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះនេះជាចំណុច សំខាន់បំផុត។ លើសពីនេះជនរងគ្រោះអាចលាតត្រដាងនូវរឿងរ៉ាវរបស់ពួកគេនៅពេល សវនាការ។
4) ហេតុអ្វីជនរងគ្រោះផ្នែកហិង្សាផ្លូវភេទត្រូវការមេធាវីពិសេស?
ឧក្រិដ្ឋកម្មបែបនេះដែលបានកើតលើជនរងគ្រោះ គឺជាញឹកញាប់ត្រូវគេរើសអើងក្នុងសង្គម ហើយជនរងគ្រោះមិនអាចចេញមកនិយាយរឿងរ៉ាវរបស់គេបាន ដោយខ្លាចសង្គមដាក់ទណ្ឌកម្ម បន្ថែម រួមទាំងការមិនរាប់រកក្នុងសហគមន៍ទៀតផង។ ប្រសិនបើគេជាជនរងគ្រោះបែបនោះ ហើយស្រ្តីដែលត្រូវគេរំលោភនោះអាចត្រូវប្រឈមមុខនៅពេលគាត់រៀបរាប់ រឿងរបស់គាត់ ដែលគាត់អាចត្រូវគេបន្ទាបបន្ថោក និងមើលងាយក្នុងភូមិ ឬសហគមន៍។ វាជាការក្លាហានមួយរបស់ជនរងគ្រោះទាំងនោះដែលហ៊ានចេញមកនិយាយអំពី ឧក្រិដ្ឋកម្មទាំងនោះ។ ហេតុនេះហើយពួកគេត្រូវការមេធាវីពិសេស ដែកមេធាវីនោះអាចលើកទឹកចិត្តពួកគាត់ ហើយចេះប្រើនូវពាក្យ ចេះរើសបរិដ្ឋាន និងបរិយាកាសដ៏ត្រឹមត្រូវ និយាយទៅកាន់ជនរងគ្រោះទាំងនោះ។ ព្រោះជនរងគ្រោះទាំងនោះមានលក្ខណៈងាយប៉ះពាល់ខ្លាំងណាស់។ ដូចនេះអាចឲ្យជនរងគ្រោះចាប់ផ្ដើមនិយាយអំពីឧក្រិដ្ឋកម្មទាំងនេះ និងត្រៀមរៀបចំសក្ខីកម្មរបស់គាត់សំរាប់មេធាវីនិងតុលាការផងដែរ។ មេធាវីផ្នែកនេះត្រូវតែយល់ដឹងពីរបៀបនិយាយទៅកាន់ជនរងគ្រោះទាំង នេះ និងជជែកជាមួយអង្គជំនុំជម្រះ ឬការិយាល័យសហចៅក្រមស៊ើបអង្កេត នូវទង្វើនានាមកលើជនរងគ្រោះទាំងនោះ ដែលមិនមែនគ្រប់មេធាវីទាំងអស់អាចធ្វើការនោះទេ។
5) តើសាលាក្ដីខ្មែរក្រហមបានធ្វើអ្វីខ្លះកន្លងមកចំពោះឧក្រិដ្ឋអំពើ ហិង្សាខាងផ្លូវភេទនេះ?
ការស៊ើបអង្កេតលើកដំបូងមិនបានរាប់បញ្ចូលបញ្ហាខាងផ្លូវភេទនេះទេ។ ខាងព្រះរាជអាជ្ញាបាននិយាយថា៖ ពួកគេមិនបានរកឃើញភស្តុតាងគ្រប់គ្រាន់។ ហេតុផលនេះហើយដែលមិនមានការស៊ើបអង្កេតពីដំបូងលើបញ្ហានេះ។ ជនរងគ្រោះបានយករឿងរ៉ាវរបស់គេមកកាន់តុលាការ ហើយសហចៅក្រមបានពង្រីកទំហំនៃការស៊ើបអង្កេត ដែលគ្របដណ្ដប់ទៅលើការបង្ខំអោយរៀបការនោះក្នុងរបបកម្ពុជា ប្រជាធិបតេយ្យទាំងមូល។ ឧក្រិដ្ឋកម្មខាងផ្លូវភេទត្រូវតែទាក់ទងផងដែរ ដែលត្រូវតែស៊ើបអង្កេតចំពោះឧក្រិដ្ឋកម្មពិសេសនេះ។ យើងបានប្រឈមក្នុងស្ថានភាពបរិយាកាសមិនស្និទ្ធស្នាលជាច្រើនជាមួយ ជនរងគ្រោះខាងហិង្សាផ្លូវភេទ។ នៅសាលាក្តីខ្មែរក្រហមអ្នកស៊ើបអង្កេតទាំងអស់ជាបុរស ហើយជនរងគ្រោះគ្មានជម្រើសដូចជានៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានទាំងស្ត្រីភេទសម្រាប់អ្នកស៊ើបអង្កេត។ យើងអាចសម័យមើលអំពីជនរងគ្រោះត្រូវគេរំលោភបូកជាច្រើននាក់ដោយមាន ទាហានខ្មែរក្រហម ជាឧទាហរណ៍ ថាតើគាត់ហ៊ាននិយាយរឿងឧក្រិដ្ឋកម្មនោះលំអិតទៅកាន់មនុស្សប្រុស ទេ? យើងមានជោគជ័យដ៏តិចតួចថ្មីនេះដែលយ៉ាងហោចណាស់យើងមានស្រ្តីជា អ្នកបកប្រែចូលរួមសម្ភាសន៍ ប៉ុន្តែរាល់សំណើយើងតាំងពីដំបូងដែលថាបុគ្គលិកផ្នែកនេះគួរតែបាន ហ្វឹកហ្វឺននិងប្រាប់នូវរបៀបត្រូវបាននិយាយជាមួយជនរងគ្រោះទាំងនោះ គឺមិនបានអ្វីទេ។ មានមន្ត្រីមួយចំនួនប្រឆាំងនិងការហ្វឹកហ្វឺននេះ យើងទទួលស្គាល់ថាពួកគេពិតជាមិនអាចដោះស្រាយបានជាមួយជនរងគ្រោះ ទាំងនោះបានទៀតផង។ យើងបានសង្កេតឃើញពីការសម្ភាសន៍ យើងអាននូវសំនួរចម្លើយ សំនួរហាក់ដូចជាព្យាយាមដាក់កំហុសទៅកាន់ជនរងគ្រោះ ឬប្រើពាក្យមិនសមរម្យដែលបង្ហាញថាអ្នកស៊ើបអង្កេត ទាំងនេះគឺមិនអាចជជែកជាមួយជនរងគ្រោះទាំងនោះបានទេ។ ដូចនេះមានបញ្ហាជាច្រើនត្រូវដោះស្រាយ ហើយសាលាក្ដីនេះគួរតែប្ដូរវិធីរបស់ខ្លួន ដែលតុលាការនានាមានការវិវឌ្ឍន៍លើករណីដូចនេះ ព្រោះថាស្ត្រីត្រូវបានការពារជាទូទៅ។
៦) តើសាលាក្ដីខ្មែរក្រហមគួរធ្វើអ្វីខ្លះចំពោះជនរងគ្រោះអំពើហិង្សា ផ្លូវភេទនាពេលអនាគត?
សំខាន់ប្រសិនបើសាលាក្តីនេះនឹងដាក់បញ្ជូននូវបទបញ្ញត្តិនានា នូវពិធីធ្វើ និងដោះស្រាយចំពោះជនរងគ្រោះទាំងនេះ។ ហើយប្រសិនបើអាចដាក់បញ្ចូលទៅបានមុនករណី ០០២នេះចាប់ផ្ដើមនូវបទបញ្ញត្តិនានាដើម្បីការពារក្នុងការសួរ សាក្សី និងជនរងគ្រោះនៃអំពើហិង្សាផ្លូវភេទពីខាងភាគីការពារ ដែលថាពួកគេត្រូវរងនូវការឈឺចាប់បន្ថែមទៀតក្នុងអំឡុងពេលសវនាការ ខាងមុខ។
៧) តើមានតុលាការអន្តរជាតិក្នុងពិភពលោកបានកាត់ទោសរឿងអំពើហិង្សា ផ្លូវភេទដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរបបខ្មែរក្រហមនេះទេ? បើមានប្រទេសណាខ្លះ?
វាមានរូបភាពខុសគ្នា តុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅអតីតយូហ្គោស្លាវី បានកាត់ទោសលើអំពើហិង្សាផ្លូវភេទ ឧទាហរណ៍៖ ស្ត្រីជនជាតិមូស្លីមជាជនរងគ្រោះនៃមហាឧក្រិដ្ឋកម្ម និងការរំលោភព្រមទាំងប្រើជាឧបករណ៍សង្គ្រាម។ យើងឃើញមានផងដែរតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសរូវ៉ាន់ដា ដែលមានទីតាំងនៅ តង់ហ្សានា និងណារូស្សា។ ដែលឧក្រិដ្ឋកម្មប្រភេទនេះបានប្រព្រឹត្តយ៉ាងខ្លាំងលើស្ត្រីជនជាតិ ទ្រូស៊ី ហើយក៏ប្រើជាឧបករណ៍សង្គ្រាមដើម្បីកម្ចាត់ក្រុមនេះផងដែរ។ ពួកគេបានរំលោភជនរងគ្រោះយ៉ាងព្រៃផ្សៃមុននឹងសម្លាប់។ មានករណីមួយទៀតគួរអោយយកចិត្តទុកដាក់ គឺតុលាការពិសេសនៅប្រទេសសេរ៉ាឡេអូន ដែលបង្ខំឲ្យរៀបការគឺមានលក្ខណៈខុសគ្នាពីកម្ពុជា។ ជនរងគ្រោះគឺជាយុវនារី និងស្រ្តីវ័យក្មេងៗ ត្រូវគេបង្ខំអោយទៅប្រទេសមាឡេស៊ី ត្រូវរៀបការជាមួយបុរសជនជាតិមាឡេ ហើយត្រូវរស់នៅជាមួយគ្នា និងរួមភេទបែបទាសករ ហើយពេលនោះពួកគេបម្រើជាទាហាន និងបម្រើសេវាផ្លូវភេទដល់ប្តីរបស់គេផងដែរ។ ទីនោះដែលយើងឃើញថាជាលើកដំបូងនូវការកាត់ទោសក្នុងរឿង ឧក្រិដ្ឋកម្មបង្ខំឲ្យរៀបការ ឧក្រិដ្ឋកម្មខាងផ្លូវភេទ ដូចជាការរំលោភ និងប្រើស្ត្រីជាឧបករណ៍សង្គ្រាមផងដែរ។
៨) តើសាលាក្តីខ្មែរក្រហមអាចប្រើការសម្រេចក្ដីរបស់តុលាការអន្តរជាតិ យ៉ាងណាដែរ?
សាលាក្ដីនេះគួរតែសង្កេតមើលពីតុលាការនានាដែលបានអនុវត្តកន្លងមក ដែលមានការវិវឌ្ឍន៏ដូចគ្នានេះ។ នៅដំណាក់កាលដំបូង តុលាការទាំងនោះ មិនយកចិត្តទុកដាក់រឿងហិង្សាផ្លូវភេទនេះទេ ហើយមិនទាំងដាក់ក្នុងការស៊ើបអង្កេតផង។ ដូចគ្នានឹងតុលាការខ្មែរក្រហមនេះដែរ ប៉ុន្តែឥឡូវកាន់តែទទួលយក និងចោទប្រកាន់លើករណីនេះច្រើនឡើងបន្ថែមទៀត ហើយជំហានដ៏រីកចម្រើននេះគឺតុលាការនេះបានបញ្ចូលរឿងការបង្ខំអោយ រៀបការសម្រាប់ការស៊ើបអង្កេតទៀតផងវាដូចជាយឺតយ៉ាវ ហើយយើងជិតបញ្ចប់រឿងស៊ើបអង្កេត ០០២នេះហើយ។ យកល្អតុលាការនេះគួរតែអាចធ្វើអ្វីឲ្យបានច្រើនជាងអ្វីដែលបាន ធ្វើកន្លងមក។ ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា តុលាការនេះនឹងយកចិត្តទុកដាក់ស្ដាប់ និងមើលពីតុលាការអន្តរជាតិនានាដែលយើងបានរៀនសូត្រកន្លងមកហើយ ដាក់បញ្ចូលវាក្នុងតុលាការនេះ ឬក្នុងប្រវត្តិសាស្ត្រដែលតុលាការនេះនឹងសរសេរអំពីរឿងទាំងនោះ ដែលវាមានសារៈសំខាន់ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
Source: http://women.open.org.kh/km/interview-lawyer-for-khmer-rouge

Sokhayouk on June 22, 2010 | Filed Under Uncategorized | Comments Off